ភ្នំពេញ៖
សង្ស័យទុស្សេខ្សែភ្លើង ឃ្លាំងស្តុកអេតចាយមួយកន្លែង ត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ជាច្រើនគ្រឿង។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ ដោយពួកគាត់ បានឮស្នូសំឡេងផ្ទុះលាន់ឮយ៉ាងខ្លាំង រួចបង្កទៅជាអណ្តាតភ្លើងឆាបឆេះយ៉ាង សន្ធោសន្ធៅ។ ភ្លាមនោះដែរ ពួកគាត់ ក៏នាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ ជាបណ្តោះអាសន្ន រួចនាំគ្នាប្រញាប់រត់ទៅប្រមូលសម្ភារៈដែលមានតម្លៃចេញ ហើយ ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។
ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយ អន្តរាគមន៍បាញ់ពន្លត់បន្ទាន់។ ក្រោយពីទទួលបានដំណឹងខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿងផងដែរ។
ក្រោយពីកម្លាំងជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ ឃើញថាបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យអស់ជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ថ្ងៃដដែល ។
ចំពោះករណីខាងលើនេះដែរ មិនបណ្តាលឲ្យមានអ្នកស្លាប់និងអ្នករងរបួសនោះទេ ពោលគឺខូចខាតតែឃ្លាំងស្តុកអេតចាយ មួយខ្នង រួមមានសម្ភារៈក្នុងនោះមួយចំនួនធំ ចំពោះមូលហេតុពីរការឆេះ សមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត៕
