ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ី វគ្គជម្រុះប្រចាំតបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតអាយុក្រោម១៤ឆ្នាំ (ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS 2026-Regional Qualifying Event South, Southeast, & East Asia) ត្រូវចាប់ផ្តើមប្រកួតជម្រុះពីថ្ងៃទី០៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដោយមាន១២ប្រទេសចូលរួម ខណៈម្ចាស់ផ្ទះកម្ពុជាមានកីឡាករ កីឡាការិនី៤នាក់ចូលរួមប្រកួតប្រជែង។

នេះជាការគូសបញ្ជាក់របស់កញ្ញា សោម ចិន្តា អ្នកសម្របសម្រួលព្រឹត្តិការណ៍នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជានៅក្នុងកិច្ចប្រជុំមុនការប្រកួត ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កញ្ញា សោម ចិន្តា បានបន្ថែមថា នេះជាការប្រកួតវាយកូនបាល់អន្តរជាតិអាស៊ីប្រចាំតំបន់ក្រោម១៤ឆ្នាំ ដោយមានការចូលរួមសរុប១២ប្រទេស ក្នុងនោះក្នុង១ប្រទេសមានកីឡាករ កីឡាការិនី៤នាក់ ពីថ្ងៃទី០៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ នេះជាការប្រកួតប្រជែងក្រុមសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមជ័យលាភីដែលមានពិន្ទុៗជាងគេ (២ប្រទេស) សម្រាប់ការប្រកួតនៅជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២៧ខាងមុខ។

កញ្ញា សោម ចិន្តា គូសបញ្ជាក់ថា ការប្រកួតជម្រុះ ដែលមាន១២ប្រទេសចូលរួមនេះ គឺមានវិញ្ញាសាឯកត្តជនក្មេងប្រុស-ក្មេងស្រី វាយគូក្មេងប្រុស-ក្មេងស្រី និងវាយចម្រុះក្រុម ហើយតាមរយៈការទទួលបានសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនបាល់អន្តរជាតិវគ្គជម្រុះតំបន់មួយនេះនឹងជួយផ្តល់ឱកាសដល់កីឡាករ កីឡាការិនីវ័យក្មេងកម្ពុជាបានចូលរួមប្រកួតប្រជែង ដកស្រង់បទពិសោធន៍បច្ចេកទេសបន្ថែមជាមួយកីឡាករ កីឡាការិនីអន្តរជាតិមកពី១១ប្រទេសផ្សេងៗទៀត។ ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់អន្តរជាតិវគ្គជម្រុះប្រចាំតំបន់អាស៊ីខាងកើត និងតំបន់អាស៊ីអាគ្នេយ៍ នៅប្រទេសកម្ពុជា ឆ្នាំ២០២៦នេះ មានគ្រូបង្វឹក និងកីឡាករ កីឡាការិនីចូលរួមសរុប ៦០នាក់ (ក្នុងប្រទេសមានកីឡាករ២នាក់ និងកីឡាការិនី២នាក់ គ្រូបង្វឹកម្នាក់)

ចំពោះសមាសភាពកីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាមាន៤នាក់ គឺកីឡាករកាន់កូនកាត់ខ្មែរ-រស្ស៊ី មីហេអ៊ីឆេវ អាឡិចសេនឌឺ កីឡាករ មានសុផានិត និងកីឡាការិនី ម៉ន មករា និងកីឡាការិនី ស៊្រុន ជំនិតអេសធើ ដឹកនាំដោយគ្រូបង្វឹកកម្ពុជា លោក ឃ្លាំង ពន្លក។ កីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាត្រូវប្រកួតលើ៤វិញ្ញាសា គឺវិញ្ញាសាឯកត្តជនក្មេងប្រុស-ក្មេងស្រី និងវាយគូក្មេងប្រុស-ក្មេងស្រីក្រោម១៤ឆ្នាំ។

លោក ឃ្លាំង ពន្លក គ្រូបង្វឹកកម្ពុជាបានគូសបញ្ជាក់ថា សម្រាប់កីឡាករ កីឡាការិនីកម្ពុជាបានបង្កើនការហ្វឹកហាត់ជាប់ជាប្រចាំ ពោលពីមានរយៈពេលប្រមាណ១ឆ្នាំមកហើយ ចាប់តាំងពីដើមឆ្នាំ២០២៥មកម៉្លេះ ដោយគុណភាពបច្ចេកទេសរបស់ពួកគាត់មានការរីកចម្រើនល្អ ដែលមានសមត្ថភាពអាចប្រកួតប្រជែងបានជាមួយអត្តពលិកមកពីប្រទេសផ្សេងៗក្នុងតំបន់ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះបាន។
គ្រូបង្វឹកវាយកូនបាល់កម្ពុជារូបនេះសង្កត់ធ្ងន់ថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាទទួលបានសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) ឆ្នាំ២០២៦នេះ ពិតជាល្អខ្លាំងណាស់ សម្រាប់កីឡាករ កីឡាការិនីវ័យក្មេងកម្ពុជា ដោយផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ពួកគាត់ ក្នុងការជួបជុំជាមួយអត្តពលិកវ័យក្មេងមកពីបណ្តាប្រទេសនានា ហើយអត្តពលិកកម្ពុជាអាចបង្កើនបាននូវគុណភាពបច្ចេកទេសកាន់តែល្អប្រសើរបន្ថែមទៀត។ «សម្រាប់ខ្ញុំ ចំពោះលទ្ធផលរបស់អត្តពលិកម្ចាស់ផ្ទះកម្ពុជាមិនទាន់អាចនិយាយមុនបានទេ ប៉ុន្តែខ្ញុំអាចសន្និដ្ឋានបានថា ពួកគាត់នឹងកាន់តែក្លាហានក្នុងការប្រកួតប្រជែង ហើយអាចនិយាយបានថា គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីវាយកូនបាល់នៃបណ្តាប្រទេសទាំងនោះប្រហាក់ប្រហែលគ្នានឹងអត្តពលិកកម្ពុជាដែរ ខណៈក្តីរំពឹង គឺកម្ពជាយើងនឹងអាចមានក្តីសង្ឃឹមច្រើន ក្នុងការឈានទៅកៀកនឹងវគ្គផ្តាច់ព្រ័ត្រ»៕
