ភ្នំពេញ៖ ការប្រកួតប្រជែងដណ្ដើម ដំណែង TOP 6 ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ នេះ កំពុងឈានដល់វគ្គសំខាន់បំផុត ខណៈដែលការប្រកួតជុំទី២ នៅសល់តែ ៣សប្ដាហ៍ប៉ុណ្ណោះ មុនពេលកំណត់ក្រុមណាខ្លះនឹងមានសិទ្ធិបន្តទៅ ដំណាក់កាលទី២ នៃការប្រកួត។

តាមស្ថានភាពតារាងពិន្ទុបច្ចុប្បន្ន ក្រុមនៅកំពូលតារាងនៅតែរក្សាខ្លួនបានល្អ ប៉ុន្តែការប្រកួតប្រជែងនៅចន្លោះ ក្រុមលេខ ៣ ដល់លេខ ៧ កំពុងប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង ដោយមានចន្លោះពិន្ទុមិនឆ្ងាយពីគ្នា។ នេះមានន័យថា លទ្ធផលតែ មួយប្រកួត អាចបង្កើតការប្រែប្រួលយ៉ាងខ្លាំងលើចំណាត់ថ្នាក់។


តាមរយៈលទ្ធផលប្រកួតក្នុងសប្ដាហ៍ចុងក្រោយនេះ បានធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ខណៈក្រុមមួយចំនួនក្នុងក្រុម TOP 6 អាចរកបានពិន្ទុបាន ខណៈក្រុមមួយចំនួនផ្សេងទៀត ត្រូវបាត់បង់ពិន្ទុយ៉ាងគួរឲ្យសោកស្តាយ។ ក្នុងកាលៈទេសៈនេះ បានបន្ថែមសម្ពាធយ៉ាងខ្លាំងលើក្រុមទាំងអស់ដែលកំពុងប្រជែងដណ្ដើមកៅអីទៅវគ្គបន្ទាប់។

ក្នុង ៣សប្ដាហ៍ចុងក្រោយ នេះ គ្រប់ប្រកួតនឹងមានន័យសម្រេចវាសនាក្នុងក្រុម ព្រោះពិន្ទុ និងគ្រាប់បាល់សរុប អាចក្លាយជាចំណុចសម្រេចចុងក្រោយក្នុងការកំណត់ TOP 6 ។

ជាមួយនឹងការប្រកួតដ៏តានតឹងនេះ អ្នកគាំទ្របាល់ទាត់កម្ពុជា កំពុងរង់ចាំមើលថា តើក្រុមណាខ្លះ នឹងអាចរក្សាស្ថេរភាព និងគ្រប់គ្រងសម្ពាធបានល្អ ដើម្បីឈានទៅដំណាក់កាលទី២ និងបន្តការប្រកួតប្រជែងសម្រាប់គោលដៅប្រជែងពាននៅរដូវកាលនេះ ៕