អំឡុងពេលនៃការធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីបញ្ហាប្រទេសអ៊ីរ៉ង់ជាមួយលោកប្រធានាធិបតី ត្រាំ លោកនាយករដ្ឋមន្ត្រីអីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសបញ្ជាក់ថា អីស្រាអែល នឹងចូលរួមជាមួយ ក្រុមប្រឹក្សាសន្តិភាព របស់លោកប្រធានាធិបតី ត្រាំ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអនុម័តកាលពីពាក់កណ្តាលខែវិច្ឆិកា បានអនុញ្ញាតឲ្យក្រុមប្រឹក្សា និងប្រទេសនានា ធ្វើការរួមគ្នា ដើម្បីបង្កើតកងកម្លាំងស្ថិរភាពអន្តរជាតិនៅក្នុងតំបន់ហ្គាហ្សា ក្រោមផែនការសន្តិភាពរបស់លោកប្រធានាធិបតី ត្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ ដំបូងឡើយ ក្រុមប្រឹក្សាសន្តិភាពនេះ មានបំណងត្រួតពិនិត្យការគ្រប់គ្រងបណ្តោះអាសន្នក្នុងតំបន់ហ្គាហ្សា តែក្រោយមក លោកប្រធានាធិបតី ត្រាំ បាននិយាយថា ក្រុមប្រឹក្សាសន្តិភាពដែលមានលោកជាប្រធាននេះនឹងត្រូវពង្រីកដើម្បីដោះស្រាយជម្លោះសកល។