ភ្នំពេញ៖សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ (The 22 ASEAN University Games) នៅប្រទេសម៉ាឡេស៊ី។

លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាលើកឡើងថា ជើងឯកថ្នាក់ជាតិនេះត្រូវបានធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក៏ដូចជាការចូលរួមពីសំណាក់លោកអនុប្រធាន និងសមាជិកប្រតិបត្តិសហព័ន្ធបានជំរុញឱ្យខានតែបានសម្រាប់រៀបចំការប្រកួតជើងឯកថ្នាក់ជាតិដើម្បីជាការបោះជំហានថ្មីមួយទៀត ក្នុងការប្រមូលផ្តុំអត្តពលិក និងផ្សព្វផ្សាយកីឡាបញ្ចស៊ីឡាត់ឱ្យកាន់តែសុះសាយនៅប្រទេសកម្ពុជា។

លោកអគ្គលេខាធិការសហព័ន្ធបានបន្ថែមថា នេះជាឆ្នាំទី២ហើយដែលសហព័ន្ធរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះ ដោយសារឆ្នាំទី១ គណៈកម្មាការ រៀបចំការប្រកួតទទួលបានការចូលរួមចុះឈ្មោះពីចំនួន២២ សាលាគុន មកពី៩ រាជធានីខេត្ត ដោយមានអត្តពលិកចូលរួម ១២៧នាក់ ក្នុងនោះកីឡាករ ៨៦នាក់ និងកីឡាការិនី ៤១នាក់ ព្រមទាំងមានប្រតិភូគ្រូបង្វឹក ៣០នាក់ មន្ត្រីបច្ចេកទេស៣០នាក់ ក្រុមការងារទទួលបន្ទុកការអនុគណៈកម្មាការនីមួយៗចំនួន២៥នាក់។

លោក អ៊ួ តារា បានបញ្ជាក់ទៀតថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះត្រូវបានថ្នាក់ដឹកនាំសហព័ន្ធខិតខំជំរុញកីឡាបញ្ចស៊ីឡាត់នេះឱ្យមានការរីកចម្រើន ដើម្បីចេញទៅប្រកួតនៅក្រៅប្រទេសអាចដណ្តើមមេដាយជូនប្រទេសជាតិ។ ការប្រកួតនេះ ដើម្បីសម្រិតសម្រាំងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗដើម្បីត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងរៀបចំពីថ្ងៃទី១០-១៩ ខែធ្នូ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី៕
