ភ្នំពេញ៖ ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល២ថ្ងៃពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦បានបោះជំហានថ្មីមួយទៀត ក្នុងការបង្ហាញវឌ្ឍនភាពពីការពិន្ទុដោយដៃកន្លងមកទៅជាការដាក់ពិន្ទុតាមប្រព័ន្ធទំនើបតាមប្រព័ន្ធឌីជីថល។

នេះជាការគូសបញ្ជាក់របស់លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅក្នុងបទសម្ភាសន៍មួយ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅក្នុងឱកាសរៀបចំការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥។

លោក អ៊ួ តារា បានសង្កត់ធ្ងន់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល២ថ្ងៃពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦នេះមិនមានអ្វីខុសប្លែកគ្នាច្រើនជាងឆ្នាំមុនប៉ុន្មានទេ ប៉ុន្តែមានវឌ្ឍនភាពក្នុងការអភិវឌ្ឍប្រភេទកីឡាប្រពៃណីខ្មែរយើងឱ្យទៅជាប្រភេទកីឡាទំនើបមួយ។ «ជាក់ស្តែងក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ ក្រុមការងារបច្ចេកទេសសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានរៀបចំប្រព័ន្ធដាក់ពិន្ទុតាមទម្រង់ទំនើបដោយខ្លួនឯង ដើម្បីឱ្យកាន់តែងាយស្រួលក្នុងការដាក់ពិន្ទុ ដោយកីឡាករ កីឡាការិនីអាចមើលឃើញខ្លួនឯងនៅលើស្គ្រីនទូរទស្សន៍។ ជាទូទៅគេឃើញនៅក្នុងការប្រកួតកីឡាទំនើប ដូចជាប្រភេទកីឡាអូឡាំពិកសម័យទំនើប មានប្រព័ន្ធដាក់ពិន្ទុ ហើយពេលនេះ ប្រភេទកីឡាប្រពៃណីខ្មែរ គុនល្បុក្កតោ យើងក៏ត្រូវបានអភិវឌ្ឍនូវការរៀបចំបច្ចេកទេសបែបទំនើបដូចគេដែរ»។

អ្នកជំនាញកីឡាក្បាច់គុនព្រលឹងវប្បធម៌ខ្មែររូបនេះបានលើកឡើងបន្ថែមថា៖ «ជុំវិញការរៀបចំប្រព័ន្ធទំនើប Score board នេះ ដំបូងមានការលំបាក ជាពិសេសគ្រូៗ កាលណាមានគុនល្បុ្កកតោ គឺពួកគាត់គិតតែទៅលើអ្វីដែលមានលក្ខណៈបុរាណ ដូច្នេះគឺមានការលំបាកក្នុងការធ្វើទំនើបកម្មនូវក្បាច់គុនប្រពៃណីខ្មែរ។ ទោះយ៉ាងណាក្តី ក្រោមការគាំទ្រកញ្ចប់ថវិកាប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា គឺនៅក្នុងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងមន្ត្រីបច្ចេកទេសជាបន្តបន្ទាប់ ដោយសហព័ន្ធបានបញ្ជ្រាបជំនាញថ្មីៗនូវប្រព័ន្ធបច្ចេកទេស ដែលធ្លាប់ធ្វើដោយដៃ ទៅជាប្រព័ន្ធដាក់ពិន្ទុតាមប្រព័ន្ធឌីជីថល»។

គួរបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥នេះ ត្រូវដំណើរការប្រកួតរយៈពេល២ថ្ងៃ ដោយរៀបចំប្រកួតលើ១២វិញ្ញាសា និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ២២៤នាក់ មកពី២៥សាលាគុននៃ៩រាជធានី-ខេត្ត៕