ភ្នំពេញ៖នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រួសារអូឡាំពិក ជាមួយក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានធ្វើឱ្យកីឡាជាតិ និងកិត្យានុភាពជាតិលេចត្រដែតលើឆាកអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍ SEA GAMES-ASEAN PARA GAMES ឆ្នាំ២០២៣ ទទួលបានជោគជ័យដ៏ត្រចេះត្រចង់ និងអស្ចារ្យមិនធ្លាប់មានក្នុងកំណត់ត្រាប្រវត្តិសាស្រ្តវិស័យកីឡាកម្ពុជា ដែលយើងទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ ទើបតែសម័យកាលតេជោសែនអាចសម្រេចបានតាមពាក្យស្លោក "កីឡារស់ក្នុងសន្តិភាព"។

ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៨ ឆ្នាំ២០២២-២០២៦ និងបន្តអាណត្តិទី៩ ប្រចាំឆ្នាំ២០២៦-២០៣០ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ ដើម្បីបន្តអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជារួមមាន សូមអង្គមហាសន្និបាតទាំងមូល និងភាគីពាក់ព័ន្ធកីឡាទាំងអស់បន្តជឿជាក់ និងផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញាចិត្តរួមគ្នាក្នុងការគោរព និងអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយកីឡាជាតិ គោលការណ៍គន្លឹះនានាក្នុងការធ្វើកំណែទម្រង់លើវិស័យកីឡាជាប្រចាំ។ សូមពង្រឹងស្មារតីសាមគី្គភាព និងធ្វើសុខដុមនីយកម្មការងារកីឡាជាតិ ទើបមិនរាំងស្ទះដល់ការអភិវឌ្ឍកីឡាជាតិ។ ត្រូវគោរពតួនាទី ភារកិច្ចរៀងៗខ្លួន និងពិភាក្សាពិគ្រោះយោបល់គ្នាជាប្រចាំក្នុងពេលធ្វើការកីឡាជាមួយគ្នា ចៀសវាងបង្កទំនាស់វិវាទគ្នាដោយហេតុផលផ្សេងៗ ពិសេសទំនាស់ផលប្រយោជន៍ក្នុងកីឡា ត្រូវចៀសវាងដាច់ខាត។ សូមពង្រឹងសមត្ថភាពគ្រប់គ្រងដឹកនាំអង្គការកីឡារបស់ខ្លួន តាមរយៈការគ្រប់គ្រងតាមប្រព័ន្ធអភិបាលកិច្ចល្អ គឺតម្លាភាព គណនេយ្យភាព សុចរិតភាព សក្តិសិទ្ធិភាព និងមានភាពជាអ្នកដឹកនាំទៅលើវិស័យកីឡា។ សូមពង្រឹង និងពង្រីកចំណេះដឹង ឯកទេសកីឡា ដោយធ្វើទំនើបកម្មតាមនិន្នាការរីកចម្រើនរបស់វិទ្យាសាស្រ្តកីឡាជាប្រចាំ ពិសេសអភិវឌ្ឍន៍មូលធនមនុស្សជំនាញឯកទេសកីឡា ដើម្បីផ្តោតការយកចិត្តទុកដាក់ជាអាទិភាពក្នុងការថែទាំ ឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនី ដែលមានគុណផលកម្រិតខ្ពស់ឱ្យបានទៀងទាត់។ លើកកម្ពស់កីឡាស្អាតស្អំ តាមរយៈការសិក្សាស្រាវជ្រាវ និងការត្រៀមអនុវត្តក្រមរបស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) ឆ្នាំ២០២៧ ដើម្បីប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា។ លើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ និងប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត “AI” ក្នុងការជួយដល់ការគ្រប់គ្រងកីឡា និងការអភិវឌ្ឍបច្ចេកទេសកីឡាជាដើម៕


