ភ្នំពេញ: ក្រុមការពារម្ចាស់ជើងឯករដូវកាលមុន ភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ ១/៤ផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងក្រុម ISI ដង្កោសែនជ័យ ដោយលទ្ធផល ២-០ ខណៈក្រុមជើងឯករង រដូវកាលមុន ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះគិរីវង់សុខសែនជ័យ ៤-១ពារង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦។

នេះជាការប្រកួតកាត់សេចក្ដីជើងទី២វគ្គ១/៤ផ្តាច់ព្រ័ត្រនៃប្រកួតទាំងពីរនេះ កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ក្រុមភ្នំពេញក្រោន ក្នុងនាមជាក្រុមការពារម្ចាស់ជើងឯករដូវកាលមុននេះបានរបូតកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានប្រកួតចាញ់ក្រុម ISI ដង្កោសែនជ័យ សរុបទាំងពីរជើង ២-៤ ដោយលទ្ធផលជើងទី២ ម្សិលមិញនេះ ចាញ់ ០-២ បន្ទាប់ពីជើងទី១ស្មើគ្នា ២-២។ ជ័យជម្នះនេះធ្វើឱ្យក្រុម ISI ដង្កោសែនជ័យ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវប៉ះក្រុមវិសាខា នាខែថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សម្រាប់ជើងទី១ ហើយជើងទី២ ប្រកួតកាត់សេចក្តីនឹងធ្វើឡើងនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

ចំពោះក្រុមព្រះខ័នរាជស្វាយរៀង ដែលបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គឺក្រោយពីបានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផលបច្ចេកទេសសរុបទាំងពីរជើង ៥-៣ ដោយកាលពីជើងទី១ ចាញ់ក្រៅដី ១-២ ហើយកាលពីជើងទី២ ម្សិលមិញនេះបានយកឈ្នះវិញ ៤-១។ ដូច្នេះ ក្រុមខ្លាំងកំពុងឈរជើងលំដាប់កំពូលតារាងពិន្ទុ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាមួយនេះនឹងត្រូវឡើងទៅប៉ះក្រុមបឹងកេត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវជួបជាមួយក្រុមបឹងកេត នាថ្ងៃទី២២ ខែមេសា សម្រាប់ជើងទី១ និងជើងទី២ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា ចំពោះវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងតែ១ជើង នៅទឹកដីកណ្តាល នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយ១ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ និង១ប្រកួតទៀតប្រកួតផ្តាច់ព្រ័ត្រដណ្តើមម្ចាស់ជើងឯក ប្រចាំរដូវកាល ២០២៥-២០២៦នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិជាមួយនឹងពិធីបិទការប្រកួតប្រគល់ពានរង្វាន់តែម្តង។ នេះបើយោងតាមកាលវិភាគប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕