ភ្នំពេញ៖ ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល២ថ្ងៃពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦ត្រូវបានអ្នកជំនាញគុនល្បុក្កតោចាត់ទុកថាជាការជួបជុំរបស់អ្នកជំនាន់ក្រោយនេះ ដើម្បីបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នូវក្បាច់គុនព្រឹលឹងវប្បធម៌ខ្មែរមួយនេះឱ្យរស់នៅជានិច្ច។

នេះជាការលើកឡើងរបស់អ្នកជំនាញ នៅក្នុងពិធីបើកជាផ្លូវការ ការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត សេង ប៊ុនសុង ប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការជាតិអូឡាំពិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនការ៉ាតេ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានគូសបញ្ជាក់ថា ការជួបជុំគ្នា ក្នុងព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិនេះ គឺជាការជួបជុំរបស់អ្នកជំនាន់ក្រោយ ដែលទទួលបានការបំពាក់បំប៉នពីលោកគ្រូព្រឹទ្ធាចារ្យចាស់ៗក្នុងគោលជំហរទាំងគំនិតប្រាជ្ញាស្មារតី មនសិការ ឆន្ទៈគ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យយើងបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរមួយនេះឱ្យរស់នៅជានិច្ច បើទោះបីជាចាស់ៗព្រឹទ្ធាចារ្យគុនល្បុក្កតោបានលាចាកលោកទៅហើយ ជាពិសេសលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ស្ថាបនិកសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលទើបទទួលមរណៈភាពកាលពីឆ្នាំ២០២៥។ 

លោកអគ្គលេខាធិការរងបន្ថែមថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ត្រូវដំណើរការប្រកួតរយៈពេល២ថ្ងៃ ដោយរៀបចំប្រកួតលើ១២វិញ្ញាសា និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ២២៤នាក់ មកពី២៥សាលាគុននៃ៩រាជធានី-ខេត្ត។

លោកបណ្ឌិត សេង ប៊ុនសុង បានលើកទឹកចិត្តដល់គ្រូបង្វឹកនៅគ្រប់សាលាគុន កីឡាករ កីឡាការិនីគុនល្បុក្កតោទាំងអស់បន្តការខិតខំបង្វឹក និងហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំ ដើម្បីបន្តដុសខាត់សមត្ថភាពគុណភាពបច្ចេកទេសក្បាច់គុនអត្តសញ្ញាណជាតិខ្មែរមួយនេះឱ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ ដើម្បីដណ្តើមមេដាយជូនសាលាគុន និងខ្លួនឯង។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យកីឡាករ កីឡាការិនីគុនល្បុក្កតោរក្សាឱ្យបាននូវវិន័យ ក្រមសីលធម៌វិជ្ជាជីវៈកីឡាឱ្យបានល្អប្រសើរ ដោយគោរពឱ្យបាននូវបទបញ្ជាការប្រកួត ក្នុងន័យចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍគុណតម្លៃនៃក្បាច់គុនដូនតាខ្មែរបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយៗបន្តទៅមុខទៀត៕