ភ្នំពេញ៖ 

បុរសម្នាក់ បានស្លាប់ភ្លាមៗ ចំណែកឯបុរសម្នាក់ទៀត រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលជិះម៉ូតូលឿនជ្រុលទៅបុកគ្នាផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១:៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ ៦៣ កែង ផ្លូវ ២៤២ សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។ 

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក ហុងដាប៊ីត មួយគ្រឿងពាក់ ផ្លាកលេខកំពង់ធំ 1S-6057 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីតហបូងទៅជើង ឆ្លងផ្លូវបំបែកជាបួន។ ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានម៉ូតូម៉ាក ONDA CRF មួយគ្រឿងទៀតពាក់ ផ្លាកលេខភ្នំពេញ 1MJ-1836 ជិះដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវលេខ២៤២ក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលទាំងសងខាង ធ្វើឲ្យម្ចាស់ម៉ូតូភាគីម្ខាងស្លាប់និងម្ខាងទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯ សពជនរងគ្រោះ សមត្ថកិច្ច ធ្វើលិខិតប្រគល់ឲ្យ សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕