ភ្នំពេញ៖
យុវតីបីនាក់ បានជិះម៉ូតូប៊ីតមួយគ្រឿងវ៉ាជែងហើយជ្រុលទៅបុករថយន្តបែនដឹកដី បោកចូលក្រោមកង់រថយន្ត បណ្ដាលឲ្យកិនស្លាប់ម្នាក់និងរងរបួសធ្ងន់ពីរនាក់ ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែមេសា ២០២៦នៅតាមផ្លូវ ៣០ម៉ែត្រក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីរងគ្រោះដែលបានស្លាប់ឈ្មោះភី វណ្ណរី អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ៣៦DP៦ផ្លូវលេខ២១២ ភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវរថយន្តកិនស្លាប់នៅនងកន្លែង។ ចំណែកអ្នករងរបួស១.ឈ្មោះចាន់ថា ស្រីលីនអាយុ ១៩ ឆ្នាំ,២.ឈ្មោះរិទ្ធ ចាន់បរមី អាយុ ១៥ ឆ្នាំ មានលំនៅភូមិអណ្ដូងទី ៦ សង្កាត់គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះទាំងបីនាក់ជិះម៉ូតូម៉ាកហុងដាប៊ីត ពាក់ស្លាកលេខកំពង់ចាម១W៥២៦០។ ចំណែករថយន្តដែលកិនមនុស្សស្លាប់ម៉ាកនីស្សាន់ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣C.៨៦៧១អ្នកបើកបរបានរត់គេចបាត់ស្រមោល។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះទាំងបីនាក់បានជិះម៉ូតូមួយគ្រឿងខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានវ៉ាជែងរួចក៏ជ្រុលចូលចំណែកផ្លូវរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា និងបុកក្បាល,ចំកង់មុខរថយន្តបែនដឹកដី ខាងឆ្វេងពេញទំហឹងតែម្តង។
នៅក្នុងគ្រោះថ្នាក់នោះ ជនរងគ្រោះពីរនាក់ដែលជិះផ្នែកខាងក្រោយបានខ្ទាចចេញបានរងរបួស ហើយជនរងគ្រោះជាអ្នកបើកបរ ក៏បានបុកចូលក្រោមកង់ក្រោយរថយន្តកិនបែកក្បាល ស្លាប់នៅនឹងកន្លែង៕
