ភ្នំពេញ៖
បុរសម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសម្នាក់ទៀត ស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពេលពួកគេជិះម៉ូតូបុកគ្នាយ៉ាងពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញ បុរសរងគ្រោះម្នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅពាក់ផ្លាកលេខ តាកែវ 1C-0817ជិះឆ្លង បញ្ច្រាសផ្លូវ ទិសដៅពីជើងបត់មកខាងកើត វិញ។ ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀតម៉ាកHONDA CBR 250RR ពាក់ផ្លាកលេខ ភ្នំពេញ1LF-7299 ជិះម្នាក់ឯងធ្វើដំណើរមកត្រង់ ពីកើតទៅលិចយ៉ាងលឿន ក៏ជ្រុលទៅបុកនិងម៉ូតូឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យភាគីទាំងសងខាង ស្លាប់ទាំង២នាក់ ខណៈម្នាក់ស្លាប់នៅនិងកន្លែង ចំណែកម្នាក់ទៀតបានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯ សពសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសាររៀងៗខ្លួនយកទៅធ្វើបុណ្យតាមប្រពៃណី៕
