នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការចូលរួមពីសិល្បករ សិល្បការិនីផ្នែករបាំ ជាច្រើនរូប បានពួតដៃគ្នាបង្កើតនូវផ្ទាំងទស្សនីយភាព របាំចម្រុះ ដែលឆ្លុះបង្ហាញពីសក្តានុពលនៃទន្លេមេគង្គដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា។
របាំចម្រុះនេះ ធ្វើឡើងដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ ភាពសម្បូរបែបនៃជីវៈចម្រុះ និងធនធានដ៏កម្រជាច្រើន ដែលមាននៅតាមបណ្តាខេត្តជាប់ដងទន្លេ ដែលកំពុងប្រែក្លាយខ្លួនជាខេត្តដ៏ទាក់ទាញ និងស្រស់បំព្រងសម្រាប់ភ្ញៀវទេសចរមកលេងកំសាន្ត។
លើសពីការជម្រុញផ្នែកទេសចរណ៍ របាំនេះ ក៏ធ្វើឡើងដើម្បីរម្លឹកគុណដល់ព្រះម៉ែគង្គា ទន្លេ ព្រះធរណី ព្រះនាងគង្ហីង នៅក្នុងជំនឿសូមសុខសប្បាយដល់ទូទាំងព្រះនគរផងដែរ។
ផ្សារភ្ជាប់នឹងគោលដៅផ្សព្វផ្សាយទេសចរណ៍របស់ខេត្តជាប់ដងទន្លេ កាលពីថ្ងៃទី ៧ ខែមីនា កន្លងទៅ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំព្រឹត្តិការណ៍ ទេសចរណ៍ស្ដីពីដំណើរព្យុះ ហយាត្រាកម្សាន្តទេសចរណ៍ក្នុងក្រុង ស្របគ្នានឹងទិវាជាតិ ទី ក្រុងស្អាតលើកទី១៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា»។
ការណ៍នេះ បានផ្សព្វផ្សាយអំពីខេត្តស្ទឹងត្រែង ដែលមានសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ប្លែក និងសម្បូរបែប ព្រមទាំងដើម្បីជួយគាំទ្រដល់សមាគមស៊ីក្លូកម្ពុជា។
នៅក្នុងពិធីនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ភាព ប្រទាក់ក្រឡាគ្នានៃសក្តានុពលទេសចរណ៍នៅខេត្តស្ទឹងត្រែង គឺជាយុទ្ធសាស្ត្រច្នៃប្រឌិតមួយ ដែលបង្ហាញពីការអភិរក្សមរតកវប្បធម៌ស៊ីក្លូកម្ពុជា និងការផ្សារភ្ជាប់ជាមួយបងប្អូនសមាជិកស៊ីក្លូកម្ពុជា គឺជាអ្នកផ្តល់សេវាកម្មទេសចរណ៍ជួរមុខដ៏គួរឱ្យគោរព។
សូមជម្រាបជូនថា ទន្លេមេគង្គគឺជាទន្លេមួយក្នុងចំណោមទន្លេធំៗជាងគេរបស់ពិភពលោក ដែល ទន្លេនេះ ត្រូវបានចាត់ទុកថាជាសរសៃឈាមដ៏សំខាន់របស់ប្រទេសកម្ពុជា។
ក្នុងនោះខេត្តដែលជាប់ដងទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជាមានចំនួន ៥ សំខាន់ៗ រួមមាន៖ ខេត្តស្ទឹងត្រែង, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម និងខេត្តកណ្តាល ។ លើសពីនេះ រាជធានីភ្នំពេញក៏ជាតំបន់ដែលទន្លេមេគង្គហូរកាត់ ហើយជួបជាមួយទន្លេសាប និងទន្លេបាសាក់ ផងដែរ។
នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិតិ្តយសក្នុងការបង្កើត របាំចម្រុះនេះ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសក្តានុពលនៃទន្លេមេគង្គដ៏អស្ចារ្យ ទៅកាន់សាធារណៈជន ជាពិសេសយុវជន យុវតី ជាក្មេងជំនាន់ក្រោយ៕
