ភ្នំពេញ៖ 

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុវត្តគោលការណ៍ហាមឃាត់ការផ្ដល់រង្វាន់តាមរយ:ក្រវិលកំប៉ុងលើភេសជ្ជៈមានជាតិស្ក,រ ភេសជ្ជៈប៉ូវកម្លាំង និងផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។

  តាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុចុះថ្ងៃ៤ខែឧសភាឆ្នាំ២០២៦បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអោយដឹងថាអនុលោមតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំដល់អគ្គនាយកដ្ឋានពន្ធដារ នូវការសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីវិធានការដើម្បីគ្រប់គ្រងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក ដូចខាងក្រោម៖

១. អនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល ដោយហាមឃាត់ការផ្តល់រង្វាន់ តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ភេសជ្ជៈមានជាតិស្ករ ជាពិសេសភេសជ្ជៈ ប៉ូវកម្លាំង ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ ហើយចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តទៅ គ្រប់ សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិត នូវគម្របផលិតផលភេសជ្ជៈមានជាតិស្ករ ដែលមានការផ្តល់រង្វាន់ទៀតឡើយ។

២. ពង្រឹងការប្រកួតប្រជែងដោយស្មើភាពគ្នា និងការលើកកម្ពស់អនុលោមភាពបន្ថែមទៀត ដោយបញ្ឈប់ ទាំងស្រុងនូវការផ្តល់រង្វាន់លើក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ផលិតផលគ្រឿងស្រវឹង ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ ហើយចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តទៅ គ្រប់សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬ ផលិត នូវគម្របផលិតផលគ្រឿងស្រវឹង ដែលមានការផ្តល់រង្វាន់ទៀតឡើយ៕