ស្វាយរៀង៖ 

ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង មានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦  កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរៈសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរៈសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាង ៣គីឡូក្រាម  និងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ៤នាក់ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

នៅក្នុងប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននេះ សមត្ថកិច្ច បានដកហូតផងដែរនូវសម្ភារៈវត្ថុតាងរួមមាន៖

-សារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៣,៥៥៧.៦៤ (៣ពាន់៥រយ៥៧ក្បៀស៦៤)

-រថយន្ត ១គ្រឿង, ម៉ូតូ ៣គ្រឿង, ទូរស័ព្ទ ៨គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ២គ្រឿង, លិខិតឆ្លងដែន ៤ក្បាល

-អត្តសញ្ញាណប័ណ្ណវៀតណាម ៤សន្លឹក, ក្បាលបារីអេឡិចត្រូនិច ១៩៨គ្រាប់។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕