ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាលទី៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
រូបភាពពី៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា

កម្មវិធីនេះ ស្ថិតក្រោមអធិបតីភាព លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន អគ្គលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។
រូបភាពពី៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា
ក្នុងសន្និសីទនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសហព័ន្ធ អ្នកឧបត្ថម្ភគាំទ្រ លោក Frank Josef Brune Brew Master of Ganzberg Beer អ្នកសារព័ត៌មាន ព្រមទាំងប្រតិភូ គ្រូបង្វឹក និងកីឡាករមកពីសមាគម-ក្លិបកីឡាបាល់ទះចំនួន ៨ក្រុម រួមមាន៖
១. ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
២. សមាគមកីឡាបាល់ទះវិសាខា
៣. សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
៤. ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៥. ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៦. ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣
៧. ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង
៨. ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

        ព្រឹត្តិការណ៍ប្រកួត «តេជោលីគ» រដូវកាលទី៣ នឹងធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបែងចែកជាពីរជុំ៖ ដោយជុំទី១ ចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ និងជុំទី២ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦។
     សម្រាប់ការប្រកួតឆ្នាំនេះ ត្រូវបានរំពឹងថានឹងកាន់តែមានភាពស្វិតស្វាញ រំភើប និងទាក់ទាញ ដោយមានការចូលរួមពីកីឡាករកម្ពុជា និងកីឡាករបរទេសដែលមានគុណភាពខ្ពស់ ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទះកម្ពុជាឱ្យកាន់តែរីកចម្រើន និងឈានទៅកាន់កម្រិតអន្តរជាតិ។
សូមបងប្អូនអ្នកគាំទ្រកីឡាបាល់ទះទាំងអស់ ត្រៀមចូលរួមគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់ក្រុមដែលលោកអ្នកពេញចិត្ត ក្នុងព្រឹត្តិការណ៍កីឡាបាល់ទះដ៏ធំបំផុតប្រចាំឆ្នាំនេះ។




រូបភាពពី៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា