ភ្នំពេញ៖

ជនសង្ស័យប្រុសស្រីចំនួន ៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការពាក់ព័ន្ធនិងសញ្ចារកម្ម និង ២៣នាក់ទៀតដែលជាជនរងគ្រោះ បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញនៅក្នុងការបង្រ្កាបភោជនីយដ្ឋាននិងខារ៉ាអូខេ «មហាមេឃ» ។ 

 តាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស  កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន និងខារ៉ាអូខេ ១កន្លែង យីហោ «មហាមេឃ» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្កប់អំពើសញ្ចារកម្ម (សម្រួលឲ្យមានអំពើពេស្យាចារ ព្រមទាំងទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចារ) ។

នៅក្នុងប្រតិបត្តិការនោះ បានឃាត់ខ្លួនមនុស្សសរុប ចំនួន៥៥នាក់ (ស្រី ៣៩នាក់ ប្រុស ១៦នាក់)និង ចាប់យកវត្ថុតាង ស្រោមអនាម័យមួយចំនួន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

តាមកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ជនសង្ស័យចំនួន០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីអូសទាញ បញ្ចុះបញ្ចូលនារីជាបុគ្គលិក ឲ្យប្រព្រឹត្តអំពើពេស្យាចារ ដើម្បីពួកខ្លួនទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់បុគ្គលិកនារីទាំងនោះ និង បានបញ្ជូនបុគ្គលិកនារីចំនួន ២៣នាក់ ដែលទទួលសេវាអង្គុយកំដរភ្ញៀវព្រមទាំងប្រព្រឹត្តអំពើពេស្យាចារ ឱ្យទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីរកសេវាផ្តល់នីតិសម្បទារជាបណ្តោះអាសន្ន៕