ភ្នំពេញ៖ លោក ហួត គីមងួន ដែលត្រូវបានគេស្គាល់ថា Dori Cambodia ស្ថាបនិកពានរង្វាន់បាល់ទាត់ដើម្បីកុមារកម្ពុជា នឹងរៀបការប្រកួតបាល់ទាត់សប្បុរសធម៌រដូវកាលទី៤ ក្នុងគោលបំណង ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ និង រំលឹកគុណលោក Reat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។

យ៉ាងណាមិញនេះ គឺជារដូវកាលទី៤ ដែលលោក Dori Cambodia បានរៀបចំឲ្យមានការប្រកួតពានរង្វាន់បាល់ទាត់សប្បុរសធម៌ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ លោក Dori ឱ្យដឹងថា ក្រៅពីប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារ ពានរង្វាន់បាល់ទាត់នេះ ក៏ធ្វើឡើងដើម្បីរំលឹកដល់គុណលោក Reat Richner ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនបង្កើតជាមន្ទីរពេទ្យគន្ធបុប្ផាជួយដល់ព្យាបាលដល់កុមារកម្ពុជា។  បន្ថែមពីនេះអ្វី ដែលខុសប្លែកពីរដូវកាលមុនៗនោះ គឺក្នុងរដូវកាលនេះ កីឡាករនៃក្រុមនីមួយៗ ត្រូវមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ។ ចំណែកលក្ខខណ្ឌនៃការចុះឈ្មោះ ក្រុមនីមួយៗ ត្រូវបរិច្ចាគយ៉ាងតិច ២លានរៀល ឬ៥០០$ ទៅឲ្យមន្ទីរពេទ្យទាំង២នេះ ដោយផ្ទាល់។

    គួរបញ្ជាក់ផងដែរថា រដូវកាលទី១ កាលពីឆ្នាំ២០២២ អ្នករៀបចំកម្មវិធី ប្រមូលថវិកាសប្បុរសធម៌បាន ១៧៦០៤ដុល្លារ, រដូវកាលទី២ ឆ្នាំ២០២៣ ទទួលបានថវិកា ៥៨០៤ និងរដូវកាលទី៣ ឆ្នាំ២០២៥ ប្រមូលបានថវិកា២២២៤៥ ដុល្លារ។ ដោយឡែក ក្នុងឆ្នាំ២០២៥នោះ ពានរង្វាន់នេះ ក៏ប្រមូលបានថវិកា៦៩៣៥ដុល្លារ ជួយឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខផងដែរ៕