ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្តម៉ាក ALPHARD មួយគ្រឿងឆ្លងផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត Ford Ranger បើកឆ្លងផ្លូវដូចគ្នាចំពាក់កណ្តាល ចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Ford Ranger ពណ៌ស មួយគ្រឿងគ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាម បណ្តោយផ្លូវលេខ ១៦៣ទិសដៅពីជើងទៅត្បូងឆ្លងផ្លូវបំបែកជាបួន ។
ខណៈពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀត ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CB-2682 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្តុលទៅបុករថយន្ត Ford Ranger ចំពាក់កណ្តាលចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
បន្ទាប់ពីកើតហេតុខាងលើ ភាគីទាំងសងខាង បានសម្រួលគ្នាដោយយករថយន្តទៅជួសជុលរៀងៗខ្លួនបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
