បន្ទាយមានជ័យ៖
កម្លាំងនគរបាលឃាត់ខ្លួនបានហើយ! ចោរប្លន់ប្រដាប់អាវុធ យកកាំភ្លើងខ្លី ភ្ជង់និងបាញ់គំរាម ប្លន់អ្នកលក់សាំងភីធីធី(PTT)ប៉ោយប៉ែត ដែលជនសង្ស័យជាជនជាតិប៉ាគីស្ថាន ឃាត់ខ្លួននៅម៉ោង14និង30នាទី ថ្ងៃទី04 ខែឧសភា ឆ្នាំ2026 លើផ្លូវ ទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ជនជាតិបរទេសដែលជិះរថយន្តមកភ្ជង់ប្លន់យកកាបូបលុយអ្នកលក់សាំងភីធីធី(PTT)៖
1. ឈ្មោះ NOMAN MUHAMMAD ភេទប្រុស អាយុ34ឆ្នាំ ជនជាតិប៉ាគីស្ថាន,
2. ឈ្មោះ ALI HASSAN ភេទប្រុស អាយុ26ឆ្នាំ ជនជាតិប៉ាគីស្ថាន។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី27 ខែមេសា ឆ្នាំ2026 វេលាម៉ោង4ទៀបភ្លឺ ក្រុមជនសង្ស័យខាងលើ បានយកកាំភ្លើងខ្លីបាញ់និងភ្ជង់គំរាមអ្នកលក់សាំង រួចឆក់យកកាបូបដែលមានលុយជិត3000ដុល្លារអាមេរិក ពីជនរងគ្រោះឈ្មោះ ទូច សុវណ្ណឧត្តម ភេទប្រុស អាយុ27ឆ្នាំ មុខរបរជាបុគ្គលិកលក់សាំងនៅក្នុងការ៉ាសសាំង PTT ក្នុងភូមិ បាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រុមជនសង្ស័យមានគ្នា3នាក់ ជិះរថយន្ត១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខ 2BR-8282។
លោកអធិការ បញ្ជាក់ថា៖ក្រោយពីទទួលព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលក្រុង ប៉ោយប៉ែត បានធ្វើស្រាវជ្រាវកំណត់មុខសញ្ញា សហការជាមួយកម្លាំងនគរបាលនៃស្នង ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសហការជាមួយកម្លាំងនគរបាលខេត្ត ព្រះសីហនុ ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំងពីរនាក់ នៅលើផ្លូវទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមជនសង្ស័យខាងលើ បានសារភាពថាពួកខ្លួន មានគ្នាចំនួន3នាក់ ពិតជាបានធ្វើសកម្មភាពយកអាវុធខ្លីចំនួនមួយដើមភ្ជង់ជនរងគ្រោះយកកាបូបលុយ ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការ ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវីធី និងកំពុងស្រាវជ្រាវដើម្បីឃាត់ជនសង្ស័យម្នាក់ទៀតដែលបានរត់គេចជាបន្តទៀត ៕
