កំពង់ស្ពឺ៖

ជនបរទេសចំនួន៩នាក់ ក្នុងនោះ មានស្រី០៤នាក់ ហើយមានចំនួន០៤សញ្ជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកគងពិសី ធ្វើការឃាត់ខ្លួន ពីបទលួចស្នាក់នៅខុសច្បាប់ ( ផុតទិដ្ឋាការស្នាក់នៅ ) ក្នុងផ្ទះសំណាក់ ភូមិសាស្រ្ត ភូមិភានស្សា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនជនបរទេសចំនួន៩នាក់ មាន០៤សញ្ជាតិនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៤និង៤០នាទីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះ ធ្វើរដ្ឋបាលចំហរ និងផ្សព្វផ្សាយអនុក្រឹតលេខ០៣អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោក សាយ វាសនា ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ក្រុមការងារចម្រុះបានរកឃើញ មានវត្តមានជនបរទេស ចំនួន៩នាក់ ប្រុសចំនួន ០៥នាក់ និងស្រីចំនួន០៤នាក់ មាន ចំនួន០៤សញ្ជាតិ។

នគរបាលស្រុកគងពិសី បាននិយាយដឹងថាជនបរទេសចំនួន៩នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន គឺមានជនជាតិ កាមេរ៉ូនចំនួន០៤នាក់ ស្រី០២នាក់ ជនជាតិ អ៊ូហ្គង់ដា ចំនួន០២នាក់ ស្រី ០១នាក់ ជនជាតិ កេនយ៉ាចំនួន ០១នាក់ ស្រី និងជនជាតិនីហ្សេរីយ៉ា ចំនួន០២នាក់។

ក្រោយឃាត់ខ្លួនជនបរទេសខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖

-កុំព្យូទ័រ all in one ចំនួន ០៦គ្រឿង LAPTOP ០១គ្រឿង ទូរស័ព្ទ ៣២គ្រឿង keyboard ០៨ MOUSE ០៩ ដុំWIFI ០១ ផងដែរ។ នគរបាលស្រុកគងពិសី បានបញ្ជាក់ឲ្យដឹងថាក្រោយធ្វើការឃាត់ខ្លួន ជនបរទេសទាំង៩នាក់ ស្រីចំនួន០៤នាក់ រួមជាមួយនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕