ភ្នំពេញ៖
ទីតាំងឃ្លាំងស្តុកនិងសាច់បង្កក ចំនួន២ទីតាំង ស្ថិតនៅភូមិឫស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យឆែកឆេរ រកឃើញប្រហិតនាំចូលពីថៃជាង ២០០កេសនិង ធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងនាំទៅសាកសួរ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយមានកិច្ចសហការជាមួយលោក គង់ វុទ្ធី អនុប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ (ក.ប.ប)រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក លី គឹមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរ មូលដ្ឋាន ផងដែរ។
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថាការចុះត្រួតពិនិត្យនេះ ធ្វើឡើង ក្នុងគោលបំណងពិនិត្យការអនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធ សុវត្ថិភាពចំណីអាហារ ប្រភព និងគុណភាពផលិតផលសាច់ដែលកំពុងរក្សាទុកក្នុងឃ្លាំង ដើម្បីធានាការការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោក បានបញ្ជាក់ថាក្រោយត្រួតពិនិត្យ មន្រ្តី រកឃើញទំនិញមានការនាំចូលពីប្រទេស មួយចំនួនត្រឹមត្រូវ តែក្រុមការងារ ក៏បានរកឃើញប្រហិតមួយកញ្ចប់ធំ ដែលមានអក្សរថៃ សង្ស័យអាចនាំចូលពីថៃ ព្រមទាំងរកឃើញទំនិញជាង ២០០កេសទៀត ត្រូវបានបក ស្លាកសញ្ញាចោល ទើបតំណាងអយ្យការសម្រេចឲ្យឃាត់ខ្លួនម្ចាស់ទីតាំង យកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីទៀត៕
