ភ្នំពេញ៖

បុរសម្នាក់ បានបែកខួរស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មក្រោយពេលជិះម៉ូតូលឿនមិនបានប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកូរ៉េបើកឆ្លងកាត់ទទឹងផ្លូវចំពាក់ កណ្ដាលជំហៀងខាងឆ្វេង យ៉ាងពេញទំហឹង ហើយ ស្របពេលនោះរថយន្តបន្តល្បឿនបើកទៅមុខ ក៏កិនពីលើចំក្បាលបន្ថែម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១:៣០ នាទីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ ចំណុចទល់មុខផ្សារទួលពង្រ ស្ថិតនៅលើផ្លូវ ៣០ម៉ែត្រក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្ត កូរ៉េក្បាល ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2W-4158 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវលំក្នុងផ្សារទួលពង្រ ទិសដៅពីកើតទៅលិច ឆ្លងកាត់ទទឹងផ្លូវ ។

ខណៈពេលបើកឆ្លងដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាក HONDA Winner X ពណ៌សឆ្នូតខៀវ ពាក់ផ្លាកលេខភ្នំពេញ1MI-9801 ជិះដោយ បុរសរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏បានបុកចំពាក់កណ្ដាលចំហៀងខាងឆ្វេងនៃរថយន្តកូរ៉េយ៉ាងពេញ បណ្ដាលឱ្យដួល ហើយ ស្របពេលនោះ រថយន្តបន្តល្បឿនទៅមុខក៏កិនចំក្បាលជនរងគ្រោះបន្ថែមធ្វើឲ្យស្លាប់យ៉ាងអាណោចអាធ័មហើយរថយន្តបន្តបើករត់ តែត្រូវបានប្រជាពលរដ្ឋតាមឃាត់បាន ទាំងតៃកុងនិងរថយន្តមកវិញ ប្រគល់ជូនសមយ្ថកិច្ច។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចជំនាញចរាចរណ៍ ក៏បានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕