កំពង់ស្ពឺ៖
បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពប្រើហិង្សានិងគំរាមកំហែងកាប់សម្លាប់អតីតប្អូនថ្លៃស្រី ព្រោះតែចង់ត្រូវរ៉ូវជាមួយអតីតប្រពន្ធ ហើយ អតីតប្អូនថ្លៃស្រីរូបនោះ រារាំងនិងហាមឃាត់មិនឲ្យជួបគ្នា។ ករណីហិង្សាដោយចេតនា និង គំរាមកាប់សម្លាប់ពីសំណាក់បងថ្លៃទៅលើអតីតប្អូនថ្លៃស្រី បានកើតឡើងកាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ភូមិព្រៃស្រោង ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួច បាននិយាយឲ្យដឹងថានៅមុនពេលឃាត់ខ្លួនអតីតបងថ្លៃប្រើ ហិង្សានិងគំរាមកាប់សម្លាប់អតីតប្អូនថ្លៃ គឺនៅម៉ោង១១យប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឈ្មោះ ខុន ម៉ម ភេទស្រី អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិព្រៃស្រោង ឃុំអូរ ស្រុកភ្នំស្រួច បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរ ទៅលើឈ្មោះ សួន ចាន់លាភ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នា។
នគរបាលស្រុកភ្នំស្រួច បានឲ្យដឹងទៀតថាក្រោយពីទទួលបានពាក្យបណ្តឹងជនរងគ្រោះរួចមក កម្លាំងប៉ុស្តិ៍នគរបាលឃុំ បានហៅជនសង្ស័យមកសាកសួរ។ ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើប្រាកដមែន។ មូលហេតុដែលរូបគេប្រើហិង្សានិងគំរាមកាប់សម្លាប់អតីតប្អូនថ្លៃស្រី ព្រោះតែរូបខ្លួនទៅសុំអតីតប្រពន្ធត្រូវគ្នាវិញ ប៉ុន្តែត្រូវអតីតប្អូនថ្លៃស្រី ហាមឃាត់ និងរារាំងមិនឲ្យជួប។
ក្រោយឃាត់ខ្លួនបុរសខាងលើ នគរបាលដកហូតវត្ថុតាង៖កាំបិតបុ័ងតោចំនួន១ និងម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាគុបសេ៥០ ពណ៌ខៀវ ពាក់ផ្លាកលេខ ម.9549.ភព1។ នគរបាល បានបញ្ជាក់ថា៖ជនសង្ស័យខាងលើ ធ្លាប់ធ្វើកិច្ចសន្យានៅប៉ុស្តិ៍ចំនួន២ដងពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ(កាលពីនៅយកគ្នាជាប្ដីប្រពន្ធ)។
នគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ឱ្យដឹងទៀតថាក្រោយឃាត់ខ្លួន ជនសង្ស័យរួមជាមួយនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៅក្នុងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
