ភ្នំពេញ៖
ទីតាំងស្តុកសាច់បង្កកដ៍ធំមួយ នៅសង្កាត់ស្វាយប៉ាក ត្រូវបានកម្លាំងសមត្ថភាព ចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយជំនាញនិងឝណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចុះត្រួតពិនិត្យ រកឃើញទំនិញនាំចូលពីប្រទេសថៃជាច្រើនដែលខ្លះ បានដាក់អក្សរខ្មែរក្លែងបន្លំទៀតផង។
តាមរដ្ឋបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថានៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក រួមមាន៖ ដូចជាប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង ជាដើម ដែលទីតាំងដ៏ធំខាងលើ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយសង្ស័យថា សាច់បង្កកទាំងអស់ ភាគច្រើនគឺនាំចូលពីមកពីប្រទេសថៃ។
តាមរដ្ឋបាលខណ្ឌឬស្សីកែវ បានឲ្យដឹងទៀតថាឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជា កន្លែងស្តុកសាច់បង្កក ក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្ត។ ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីជំនាញកំពុងត្រួតពិនិត្យ និង មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ។
តាមព័ត៌មានបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះ បានរកឃើញ ប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កករាប់រយតោន បាននាំចូលពីប្រទេសថៃ មកស្តុកទុកចែកចាយនៅក្នុងទីផ្សារនានានៅរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តនានា ដោយ ប្រហិត ខ្លះ បានដាក់អក្សរខ្មែរក្លែងបន្លំ ទៀតផង។
ដោយឡែក នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះដែរ កម្លាំងចំរុះគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យឃ្លាំងទទួលរក្សាទុកនិងបង្កកទំនិញនាំចូលពីក្រៅប្រទេសមួយកន្លែងទៀត ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដោយមានកិច្ចសហការចូលរួមពីម្ចាស់ទីតាំងផ្ទាល់ផងដែរ។
ចំពោះទីតាំងនោះ កម្លាំងចំរុះ បានចុះពិនិត្យ មិនឃើញមានករណីទំនិញបង្កកដែលនាំចូលមកពីប្រទេសថៃឡើយ។ ម្ចាស់ទីតាំង បានសន្យាថា មិនមានការទទួលយកទំនិញបង្កក ដែលនាំចូលមកពីប្រទេសថៃ មកបង្កកទុកនៅទីតាំងឃ្លាំងនេះឡើយ៕
