ភ្នំពេញ៖ 

រថយន្តកុងតឺន័រ១គ្រឿង បានវាក់និងរថយន្តមួយឆ្លងផ្លូវ ក៏ទាញចង្កូតគេចជ្រុលឡើងខឿនការ៉ូឡាពុះឆែកទ្រូងផ្លូវ បុករះបង្គោលភ្លើងបំភ្លឺផ្លូវ និងស្លាកប៉ាណូ បាក់អស់ជាច្រើនដើម។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅផ្លូវចោមចៅ(ផ្លូវវ៉េងស្រេង) ត្រង់ចំណុចមុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រថយន្តដែលបើកឡើងខឿន ម៉ាកFUSO ពណ៌បៃតងឆ្នូតលឿងលាយក្រហម ក្បាលពាក់ស្លាកលេខព្រះសីហនុ 3A-2992 និង កន្ទុយរ៉ឺម៉កពាក់ស្លាកលេខ4B-0591 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ។ 

តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថានៅមុនពេលកើតហេតុ រថយន្តដឹកកុងតឺន័រ១គ្រឿងម៉ាក FUSO ខាងលើ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ។ នៅពេលមកដល់ចំណុចកើតហេតុ ក៍បានវាក់អ៊ើ និង ទាញចង្កូតគេចរថយន្តមួយគ្រឿងបត់ឆ្លងផ្លូវពីត្បូងទៅជើង ក៏ជ្រុលឡើងខឿនពុះឆែកទ្រូងផ្លូវ បុករះបង្គោលភ្លើងនិងបង្គោលប៉ាណូ បាក់រាបដល់ដី។

 តាមព័ត៌មានអោយដឹងទៀតថា បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម និងបង្គោលស្លាកប៉ាណូ២ដើម បាក់រាបដល់ដី និង បង្គោលស្លាកប៉ាណូ១ដើមទៀត បានទ្រេត រងការខូចខាត រួមជាមួយការ៉ូឡារៀបខឿនទ្រូងផ្លូវ។ ដោយឡែក រថយន្ត រងការខូចខាតផងដែរ។  តាមអ្នកបើកបររថយន្ត ឲ្យដឹងថាមូលហេតុដែលកើតមានគ្រោះថ្នាក់ ដោយសារគាត់ទាញចង្កូតគេចរថយន្តឆ្លងផ្លូវដើម្បីបញ្ចៀសគ្រោះថ្នាក់ក៏ជ្រុលឡើងខឿនពុះចែកទ្រុងផ្លូវតែម្ដង៕