ភ្នំពេញ៖ 

ទីតាំងស្តុកសាច់បង្កក និង ប្រហិតចំនួន៧ទីតាំង នៅក្នុងមូលដ្ឋានសង្កាត់ បឹងសាឡាង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយ   មន្ត្រីជំនាញចុះត្រួតពិនិត្យឆែកឆេរ ដោយរកឃើញទំនិញមួយចំនួន នាំចូលមកពីប្រទេសថៃ និង បានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់។

លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានឲ្យដឹងថានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៧និង៣០នាទី រហូតដល់ម៉ោង១៧និង១៥នាទីល្ងាច  កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋាន ក.ប.ប ដោយមានកិច្ចសម្របសម្រួលផ្លូវច្បាប់ពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសិប្បកម្ម ឃ្លាំងស្តុក សាច់ និងប្រហិតចម្រុះ ចំនួន ០៧ទីតាំង ក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង។

នៅក្នុងនោះ បានឃាត់ខ្លួនម្ចាស់សិប្បកម្ម ០១ទីតាំង ស្នាក់នៅផ្ទះលេខ៨៩ ផ្លូវលេខ២៤៧ ភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីរកឃើញមាន៖ ម៉្សៅបំពង ចំនួន២០កេស ស្មើនិង២០០កញ្ចប់ ជាផលិតផលនាំចូលពីប្រទេសថៃ ដោយខុសច្បាប់។ ម្ចាស់ទីតាំង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី និងបានបិទសៀលឃ្លុំបេសិប្បកម្មប្រហិតខាងលើផងដែរ។

លោក ជា ពិសី បានឲ្យដឹងទៀតថា ជាមួយគ្នានោះដែរ រដ្ឋបាលខណ្ឌទួលគោក បាន សហការជាមួយរដ្ឋបាលខណ្ឌជ្រោយចង្វារ ចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញបោះដុំ និង លក់រាយដែលលក់ផលិតផលថៃ (គ្មានស្លាកយីហោ) ដែលបានលក់ផលិតផលថៃឱ្យ ម្ចាស់សិប្បកម្មដែលលក់បន្ត ស្ថិតនៅផ្លូវបេតុង OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។  ក្រុមការងារ បានរកឃើញផលិតផលថៃ បានមួយចំនួនធំ និងបាន ឃាត់ខ្លួនម្ចាស់ទីតាំង បញ្ជូនទៅអធិការនគរបាលខណ្ឌជ្រោយចង្វារចាត់ការតាមនីតិវិធីច្បាប់ បន្ថែមទៀត៕