កំពង់ស្ពឺ៖ 

ការចុះប្រតិបត្តិការបង្ក្រាបទីតាំងសញ្ចារកម្ម និងពេស្យាចារ នៅអាហារដ្ឋាន យីហោ «ឫស្សីព្រៃ 444» និងផ្ទះសំណាក់ យីហោ «ឆូវ សុភាក់» ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃអង្គារ ថៃ្ងទី០២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវភាពអសីលធម៌ និងការមើលស្រាលច្បាប់យ៉ាងធ្ងន់ធ្ងរពីសំណាក់ម្ចាស់អាជីវកម្ម។ អ្វីដែលគួរឱ្យសង្វែកបំផុតនោះ គឺ ការរកឃើញ «អនីតិជន ចំនួន ១០នាក់» ក្នុងចំណោមនារីរងគ្រោះ ១៨ នាក់ ដែលត្រូវបានកេងប្រវ័ញ្ចផ្លូវភេទ។

ប្រតិបត្តិការដ៏ក្តៅគគុកនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីលោកស្រី ធាម ច័ន្ទពីលិការ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តអំពើសញ្ចារកម្ម និងពេស្យាចារខុសច្បាប់ ចំនួន ២ កន្លែង រួមមាន៖ ទី១. អាហារដ្ឋាន យីហោ «ឫស្សីព្រៃ 444» ស្ថិតនៅភូមិផាន ឃុំទួលអំពិល ស្រុកបសេដ្ឋ និងទី២. ផ្ទះសំណាក់ យីហោ «ឆូវ សុភាក់» ស្ថិតនៅភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ។

ក្នុងរង្វង់ប្រតិបត្តិការសមត្ថកិច្ចប្រឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤ នាក់ រួមមាន៖ ម្ចាស់ផ្ទះសំណាក់ ០១ នាក់, ម្ចាស់អាហារដ្ឋាន ០១ នាក់ និងមេការ ចំនួន ០២ នាក់។ បន្ថែមពីនេះ សមត្ថកិច្ចបានជួយសង្គ្រោះនារីរងគ្រោះដោយការកេងប្រវ័ន្តផ្លូវភេទ សរុបចំនួន ១៨ នាក់ ក្នុងនោះមានអនីតិជន ចំនួន ១០ នាក់។ 

បច្ចុប្បន្ន ជនសង្ស័យទាំង ៤ នាក់ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក សម្រាប់នារីរងគ្រោះ ជាពិសេសអនីតិជន ត្រូវបានសមត្ថកិច្ចសហការជាមួយមន្ទីរកិច្ចការនារីខេត្ត និងអង្គការដៃគូ ដើម្បីពិនិត្យសុខភាព និងបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទា ដើម្បីទទួលការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់អនាគត៕