កំពត៖
មានករណីអត្តឃាតដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយស្ត្រីម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ស្ថិតក្នុងភូមិព្រែកកែស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉ែត សុខជា ភេទស្រី អាយុ ៣០ ឆ្នាំ ជាស្ត្រីមេម៉ាយ និងមានកូនក្នុងបន្ទុកចំនួន ២ នាក់។ ចំពោះមូលហេតុដែលនាំឲ្យកើតមានហេតុការណ៍ដ៏ក្រៀមក្រំនេះ ត្រូវបានដឹងថា បណ្តាលមកពីជនរងគ្រោះមានវិបត្តិផ្លូវចិត្ត និងមានរឿងរកាំរកូស មិនសូវចុះសម្រុងគ្នាមួយចំនួនជាមួយបងប្អូន។
បើតាមការរៀបរាប់ពីសាច់ញាតិរបស់សពបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរទៅលេងផ្ទះបងប្អូន។ បន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញ ជនរងគ្រោះក៏បានដើរចូលទៅក្នុងបន្ទប់ទឹក ហើយធ្វើសកម្មភាពចងកសម្លាប់ខ្លួនតែម្តង។ មួយសន្ទុះក្រោយមក ទើបសាច់ញាតិដើរទៅមើល ក៏ប្រទះឃើញទិដ្ឋភាពដ៏រន្ធត់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើង និងបានរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរ និងសមត្ថកិច្ចជំនាញ។
ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងកោសល្យវិច័យទៅលើសាកសព។ ក្រោយបញ្ចប់ការពិនិត្យ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការធ្វើអត្តឃាត (ចងក) ពិតប្រាកដមែន និងបានរៀបចំប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីសង្វេគ៕
