ភ្នំពេញ៖
បុរសម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសម្នាក់ទៀត បានរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ ក្រោយពេលជិះម៉ូតូលឿនបុកនិងកង់បីទិសដៅបញ្រ្ចាសគ្នា យ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១:៥០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៦ ចំណុចក្បែរង្វង់មូលវត្តភ្នំ ស្ថិតនៅលើផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 1AB-0220 បើកបរដោយដោយបុរសជា តៃកុងម្នាក់ រួមដំណើរជាមួយនិងភ្ញៀវចំនួន២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ី សុវត្ថិ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យម ។
លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅពាក់ស្លាកលេខ កោះកុង 1A-5365ជិះឌុបគ្នា២នាក់ធ្វើដំណើរទិសដៅបញ្រ្ចាសគ្នាទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកចំពីមុខម៉ូតូកង់បីឥណ្ឌា យ៉ាងពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់។ ចំណែកឯភាគីកង់បីក្រឡាប់និងរងរបួសស្រាលចំនួន៣នាក់បញ្ជូនទៅមន្ទីពេទ្យ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
