ភ្នំពេញ៖ 

បុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកកកកំពុងតែឈប់ដាក់ឲ្យមួយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង 7:30 នាទីយប់ថ្ងៃទី០4 ខែមិថុនាឆ្នាំ 2026 ស្ថិតនៅលើផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកកកមួយគ្រឿងកំពុងតែឈប់ដាក់ទឹកកកឲ្យម៉ូយនៅ លើដងផ្លូវថៃហ្គ័រ។ ភ្លាមនោះដែរ ស្រាប់តែគេឃើញមានបុរសរងគ្រោះជិះម៉ូតូម៉ាក HONG DA PCX ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ  កណ្តាល 1W-2158 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវថៃហ្គ័រទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។

លុះពេលបើកមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតទៅបុកពីក្រោយរ៉ឺម៉ក ចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះ ដួលបោកក្បាលស្លាប់ភ្លាម ៗ ចំណែកឯម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉ក បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយកម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន រង់ចាំភាគីសងខាងដកស្រាយគ្នានៅពេលក្រោយ៕