បាត់ដំបង៖
បុរស០២នាក់ បានរងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង០១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចរង្វង់មូលលោកតាដំបងក្រញូង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1X-0277 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីលិចទៅកើត។ ចំណែករថយន្តម៉ាក PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BY-5764 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលមកបុកម៉ូតូពេញទំហឹងបណ្តាលអោយបុរសបុរសទាំងពីរនាក់ខាងលើរងរបួសធ្ងន់ស្រាលតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បី រងចាំដោះស្រាយតាមផ្លូវច្បាប់៕
