ស្វាយរៀង៖ 

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯ.ឧ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល ខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំង ខេត្តស្វាយរៀង កាលថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០២៦ លោកវរៈសេនីយ៍ឯក ឡាយ ចន្នី ស្នងការ រងនគរបាល ខេត្ត បានដឹកនាំកម្លាំង សហការជាមួយកម្លាំង គណៈបញ្ជាការ ឯកភាពរដ្ឋបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះធ្វើរដ្ឋបាលស្រាវជ្រាវនិងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្ស ក្នុងរង្វង់ប្រតិបត្តិការ ចំនួន២៤នាក់ ស្រី០៤នាក់ ជាជនជាតិវៀតណាម ។ 

ជាមួយគ្នានេះ បានដកហូតសម្ភារៈពាក់ព័ន្ធនិងបទល្មើស រួមមាន៖ កុំព្យូទ័រ យួរដៃ , ទូរស័ព្ទដៃ និង សម្ភារៈប្រើប្រាស់មួយចំនួនទៀត។  បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ ទីតាំងប្រព្រឹត្តិបទល្មើស ត្រូវបានក្រុមការងារបិទទីតាំង បណ្ដោះអាសន្ន៕