កំពង់ស្ពឺ៖
ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ធាម ចន្ទ័ពីលិការ ជាព្រះរាជអាជ្ញារងខេត្តកំពង់ស្ពឺ បានចុះធ្វើរដ្ឋបាលដោយមានកំលាំងគណៈបញ្ជាការឯកភាពខេត្ដ ចូលរួមនៅថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ នៅចំណុចទីតាំង សណ្ឋាគារ YIFENG HOTEL (យី ហ្វឹង ហូធែល) ផ្លូវជាតិលេខ៣ ចន្លោះបបង្គោលគីឡូម៉ែត្រលេខ៦៥-៦៦ ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺ បាននិយាយឲ្យដឹងថាជាលទ្ធផលទីតាំងសណ្ឋាគារមានបន្ទប់ចំនួន១២៥បន្ទប់ និងមានជនជាតិចិនចំនួន២៥នាក់ ក្នុងនោះ មានស្រីចំនួន០២នាក់ កំពុងស្នាក់នៅ ដោយកម្លាំងសមត្ថកិច្ចរកឃើញមានវត្ថុតាងម៉ាស៊ីនលេងល្បែងស៊ីសងខុសច្បាប់ (ម៉ាជាំង), បៀរសន្លឹកចំនួន ៣៨ហ៊ូ កៅអីចំនួន៨ គ្រាប់ម៉ាជាំងមួយចំនួនធំ។
នគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ចំពោះវត្ថុតាង រួមជាមួយនិងក្រុមជនសង្ស័យពាក់ព័ន្ធល្បែងស៊ីសងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់បន្តតាមផ្លូវច្បាប់៕
