ភ្នំពេញ៖
បុរសម្នាក់ បានបាក់កស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ក្រោយពេលជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ
ក៏ជ្រុលទៅបុកខឿន រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង ១២និង30នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០7 ខែកក្កដា ឆ្នាំ២០២៦
ស្ថិតនៅលើផ្លូវមហាវិថីឈ្នះឈ្នះក្នុង សង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកព្នៅ
រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរស រងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់
ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង 1J-9578 ធ្វើដំណើរចុះពីលើស្ពានឧកញ៉ាលីយ៉ុងផាត់(
ហៅស្ពានព្រែកព្នៅ)ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។
លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ
ស្រាប់តែជ្រុលចង្កូតទៅបុកខឿន រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបន្ថែម
បណ្ដាលឲ្យបុរសរងគ្រោះបោកក្បាលនិងបង្គោលភ្លើង បាក់ក ស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ
។ ក្រោយមក ពលរដ្ឋនៅក្បែរនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យទៅលើសព។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅជាបណ្ដោះអាសន្ន។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សាមេត
