ភ្នំពេញ៖អ្នកស្រី ធី សុវណ្ណ​ថា អតីត​អភិបាលរង​ក្រុង​អរិយ៍​ក្ស័​ត្យ និង​ប្តី ត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ ដាក់​ពន្ធនាគារ​ម្នាក់​ៗ ​កំណត់៣ឆ្នាំ និង ​ពិន័យ​ជា​ប្រាក់ ​៦ លាន​រៀល ពាក់​ព័ន្ធ​ពី​បទ​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា ៤៧២ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​អំឡុង​ឆ្នាំ​២០២៥ ​។

ការប្រកាស​សាលក្រម​ផ្តន្ទាទោស​នេះ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពី នគរបាល​រាជធានី​ភ្នំពេញ បាន​នាំ​ខ្លួន​អតីត​អភិបាលរង​ក្រុង​អរិយ៍​ក្ស័​ត្យ​ គឺ​អ្នកស្រី ធី សុវណ្ណ​ថា និង​ប្តីឈ្មោះ ផែ សុ​វ​ណ្ណា​រិ​ទ្ធ ទៅ​តុលាការ​ដើម្បី​ធ្វើការ​សាកសួរ​ពាក់​ព័ន្ធ​ករណី បង្ហោះ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការងារ ​សន្តិសុខ​ជាតិ និង​សង្គម ខណៈ​ពេល​សភាព​ការ​ណ៍ខ្មាំងសត្រូវ​សៀម ​កំពុង​ឈ្លា​នពាន​ដែន​អធិបតេយ្យភាព​កម្ពុជា យ៉ាង​ក្តៅ​គគុក ​។ សំណុំរឿង​អ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបសួរពី​បទ​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត ​កងទ័ព តាម​មាត្រា ៤៧២ នៃ​ក្រមព្រហ្មទណ្ឌ​ ។

គួរបញ្ជាក់ថាកាលពី​ថ្ងៃ​ទី ​៩ ខែធ្នូ ឆ្នាំ​២០២៥ មន្ត្រី​នគរបាល​យុត្តិធម៌​ផែន​សន្តិសុខ​នៃ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​”​លិខិត​កោះហៅ​”​ អ្នកស្រី ធី សុវណ្ណ​ថា អាយុ​ ៣០ ឆ្នាំ មាន​អា​សយ​ដ្ឋា​ន​ផ្ទះ​លេខ ​២៧០ ផ្លូវ​លេខ​ ៥៩៨ ភូមិ​ទំនប់​ទឹក សង្កាត់​ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ឲ្យ​ចូលខ្លួន​មក​កាន់ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ចំណុះ​ផែន​ការងារ​សន្តិសុខនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១០ ខែធ្នូ ឆ្នាំ ២០២៥ វេលា​ម៉ោង​ ១៥និង​០០​នាទី ដើម្បី​មក​បំភ្លឺ​លើ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ​។ អ្នកស្រី ធី សុវណ្ណ​ថា រួម​ជាមួយនិង​ប្តី​ ចូលខ្លួន​តាម​ការ​កោះហៅ​របស់​សមត្ត​កិច្ច ទើប​សមត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​ ។

បន្ទាប់ពីប្រកាសសាលក្រម ទីបំផុត​នៅ​រសៀល​ថ្ងៃ​ដដែល ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​អ្នកស្រី ធី សុវណ្ណ​ថា ដាក់​ពន្ធនាគារ​ខេត្ត កំពង់ស្ពឺ ចំណែក​ឈ្មោះ ផែ សុ​វ​ណ្ណា​រិ​ទ្ធ ជា​ស្វាមី ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត

កណ្តាល ​ជា​បណ្តោះអាសន្ន ​៕ ម៉េង ធា