កំពង់ស្ពឺ៖ អ្នកទេសចរដែល​ជាប់ដំណើរនៅភ្នំខ្នងផ្សារដោយសារជំនន់ទឹកភ្លៀងចំនួន៥៥១នាក់នោះ ត្រូវបានជួយអន្តរាគមន៍ឱ្យ​ចាកចេញ​អស់ហើយ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ត្រូវបានមន្ត្រីឧទ្យានុរក្សដែលឈរជើងនៅតំបន់នោះ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយអន្តរាគមន៍។

គួររំលឹកផងដែរថាកាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានកើតឡើងនៅតំបន់ទេសចរណ៍​ភ្នំខ្នងផ្សារ ហើយបង្អាក់ដំណើរអ្នកទេសចរជាច្រើនមិនអាចចាកចេញបាននោះឡើយ។ របាយការណ៍ បានបង្ហាញថា មានអ្នកទេសចរប្រមាណ ៥៥១នាក់ បានជាប់នៅភ្នំខ្នងផ្សារ ដោយសារជំនន់ទឹកភ្លៀងនេះ។

ក្រោយកើតហេតុការណ៍នោះ មន្ត្រីឧទ្យានុរក្សដែលឈរជើងនៅតំបន់នោះ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយអន្តរាគមន៍នាំអ្នកទេសចរមកស្នាក់នៅទីតាំង​លំហែ​បៃតង​ដំណាក់ដំរី ហើយបានរៀបចំស្បៀងអាហារផ្សេងៗជូនពួកគាត់។

លុះរហូតដល់វេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ អ្នកទេសចរទាំងអស់ត្រូវ​បាន​ជម្លៀស​ចេញទីតាំងដំណាក់ដំរី មកដល់ទីសុវត្ថិភាពក្នុងភូមិតាំងបំពង់។ លើកលែងតែ​ឡាន​តូចៗចំនួន៤គ្រឿងជាប់នៅដំណាក់ទី១ និងមានភ្ញៀវនៅលើភ្នំខ្នងផ្សារចំនួន៣នា​ក់​មិន​ទាន់ចុះ។ រីឯស្ថានភាពទឹកនៅតែបន្តឡើង ដោយសារមានភ្លៀងខ្លាំង។

 រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើការអំពាវនាវដល់អ្នកទេសចរទៅ​លេង​តាមតំបន់​ភ្នំនានាក្នុងរដូវវស្សាឱ្យមានការប្រុងប្រយ័តឱ្យបានខ្ពស់ ព្រោះរដូវវស្សាពេលមានភ្លៀង​តាមតំបន់​ភ្នំ និងជ្រោះ គឺមានទឹកហូរបុកខ្លាំង ដែលអាចបង្កឱ្យគ្រោះថ្នាក់ជាយថាហេតុ៕ប៊ុនធឿន